• ហេតុអ្វីបានជាមនុស្សធាត់?

    ហេតុអ្វីបានជាមនុស្សធាត់?
    health
    31-Jan-2017

    ភាពធាត់ជ្រុលក្លាយទៅជាជំងឺរ៉ាំរ៉ៃមួយនៅ ទូទាំងពិភពលោក។ ការសិក្សាមួយស្តីពីភាពធាត់ខ្លាំងដែលមានការចូលរួមពីអ្នកស្រាវជ្រាវ700នាក់នៅទូទាំងពិភពលោក និងអង្គការសុខភាពពិភពលោកបានបង្ហាញពីស្ថិតិគួរឱ្យព្រួយបារម្ភ។ ការសិក្សាស្តីពីភាពធាត់ជ្រុលគឺជាការសិក្សាធំបំផុតមួយដែលមិនធ្លាប់មាន ហើយការសិក្សានេះបានរកឃើញថា បុរសម្នាក់ក្នុងចំណោម10នាក់ និងស្ត្រីម្នាក់ក្នុងចំណោម7នាក់នៅទូទាំងពិភពលោកមានភាពធាត់ជ្រុល។

    ការសិក្សានេះបានប្រើប្រាស់ទម្ងន់ និងកម្ពស់របស់បុរស និងស្ត្រីពេញវ័យប្រហែល20លាននាក់ពីប្រទេសជាច្រើននៅលើពិភពលោកដើម្បីឈានទៅដល់ការធ្វើសេចក្តីសន្និដ្ឋាន។ លទ្ធផលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីThe Lancetដែលជាទស្សនាវដ្តីវេជ្ជសាស្រ្តល្បីល្បាញមួយបានបញ្ជាក់ថាទោះបីជាមនុស្សពេញវ័យដែលធាត់ជ្រុលភាគច្រើនរស់នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិកក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែនាំមុខគេក្នុងចំនួនមនុស្សពេញវ័យដែលមានភាពធាត់ជ្រុលនេះ។ សូម្បីតែប្រទេសមួយចំនួន ដូចជា គុយវ៉ែត អេហ្ស៊ីបអារ៉ាប៊ីសាអូឌីត និងអាហ្វ្រិកខាងត្បូងក៏មានប្រជាជនធាត់ជ្រុលជាច្រើននាក់ផងដែរ។

    • តើភាពធាត់ជ្រុលគឺជាអ្វី? –ការលើសទម្ងន់គឺខុសពីភាពធាត់ជ្រុល។ ការលើសទម្ងន់អាចបណ្តាលឱ្យមានភាពធាត់ជ្រុល ប្រសិនបើមិនមានវិធានការចំពោះការលើសទម្ងន់នេះ។ អ្នកឯកទេសផ្នែកថែទាំសុខភាពបានកំណត់និយមន័យភាពធាត់ជ្រុលថាជាការមានជាលិកាខ្លាញ់ ឬមានជាតិខ្លាញ់ច្រើនហួស។ ជាតិខ្លាញ់នេះអាចធ្វើឱ្យពិបាកក្នុងការធ្វើចលនា ធ្វើការងារ និងការដកដង្ហើម។ មានវិធីផ្សេងគ្នាដើម្បីកំណត់ពីកម្រិតជាលិកាខ្លាញ់ដែលមាននៅក្នុងខ្លួនមនុស្ស។ វិធីសាស្រ្តទូទៅគឺការវាស់ដោយប្រើសមាមាត្រកម្ពស់ និងទម្ងន់(Body Mass Index or BMI)។ ជាលិកាខ្លាញ់គឺជាសរីរាង្គអង់ដូគ្រីនដែលបញ្ចេញសារធាតុផ្សេងៗគ្នា ដូចគ្នានឹងដំណើរការរំលាយអាហារ កត្តាកំណកឈាម ជាតិលីពីត និងCytokinesដែរ។ នៅពេលដែលមានជាលិកាខ្លាញ់លើស វាបណ្តាលឱ្យមានអាស៊ីតខ្លាញ់កាន់តែច្រើនចរាចរពេញរាងកាយ។ នេះអាចបណ្តាលឱ្យមានការរលាកដែលឈានដល់ការធន់នឹងអ៊ិនស៊ូលីន(insulin)ដែលអាចបណ្តាលកើតជំងឺទឹកនោមផ្អែមប្រភេទទី2។
    • មូលហេតុនៃការធាត់ជ្រុល-ទម្ងន់របស់លោកអ្នកត្រូវបានកំណត់ដោយបរិមាណកាឡូរីដែលលោកអ្នកទទួលទាន និងបរិមាណថាមពលដែលរាងកាយលោកអ្នកបញ្ចេញ។ ប្រសិនបើលោកអ្នកទទួលទានកាឡូរីច្រើនលើសពីបរិមាណដែលរាងកាយរបស់លោកអ្នកអាចរំលាយបាននោះ រាងកាយរបស់លោកអ្នកនឹងផ្ទុកថាមពលដែលលើសនោះជាទម្រង់សារធាតុខ្លាញ់។ ម៉្យាងទៀត ប្រសិនបើលោកអ្នកទទួលទានកាឡូរីតិចជាងបរិមាណដែលរាងកាយរបស់លោកអ្នកដុតរំលាយ លោកអ្នកនឹងស្រកទម្ងន់។ នេះមានន័យថាការញ៉ាំច្រើនពេក និងការធ្វើឱ្យជីវិតនៅមួយកន្លែងគឺជាមូលហេតុទូទៅដែលធ្វើឱ្យធាត់ជ្រុល។ ប៉ុន្តែ មានកត្តាជាច្រើនទៀតដែលជាមូលហេតុត្រុវយកចិត្តទុកដាក់ផងដែរ។
    • ហ្សែន-ប្រសិនបើឪពុក ឬម្តាយគឺជាមនុស្សធាត់ជ្រុល កូនក៏នឹងមានឱកាសខ្ពស់ក្នុងការក្លាយជាមនុស្សធាត់ជ្រុលផងដែរ។ នេះដោយសារតែហ្សែនកំណត់ពីរបៀបដែលអ័រម៉ូនគ្រប់គ្រងកម្រិតជាតិខ្លាញ់នៅក្នុងខ្លួន។
    • ការញុាំហួសកម្រិត-មូលហេតុមួយដែលនាំឱ្យធាត់ជ្រុលគឺរក្សាទម្លាប់ញុាំអាហារសម្បូរជាតិខ្លាញ់។ មនុស្សដែលចូលចិត្តអាហារដែលមានជាតិខ្លាញ់ស្រស់ៗ និងអាហារដែលសម្បូរជាតិស្ករ ទំនងអាចនឹងឡើងទម្ងន់បានយ៉ាងងាយ។
    • កាបូអ៊ីដ្រាត – ទោះបីជាអ្នកស្រាវជ្រាវនៅតែមិនដឹងថាតើកាបូអ៊ីដ្រាតមានឥទ្ធិពលដល់ការឡើងទម្ងន់ក៏ដោយ ក៏ពួកគេបានរកឃើញថា ការទទួលទានកាបូអ៊ីដ្រាតច្រើនពេកបង្កឱ្យកើនកម្រិតជាតិស្ករនៅក្នុងឈាម។ ដោយហេតុនេះបានជានាំឱ្យលំពែងបញ្ចេញអាំងស៊ុយលីន(insulin)ដែលបណ្តាលឱ្យរាងកាយរក្សាទុកជាតិខ្លាញ់ ធ្វើឱ្យឡើងទម្ងន់។ ដូច្នេះអាំងស៊ុយលីន(insulin)ដែលបញ្ចេញដោយលំពែងកាន់តែខ្ពស់ គឺកាន់តែឡើងទម្ងន់។
    • ភាពញឹកញាប់នៃការទទួលទានអាហារ – អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលទទួលទានអាហារច្រើន2ទៅ3ដងក្នុងមួយថ្ងៃអាចប្រឈមនឹងការលើសទម្ងន់ ឬធាត់ជ្រុលជាងអ្នកដែលញ៉ាំអាហារតិចតួចពី4ទៅ5ដងក្នុងមួយថ្ងៃ។ ការទទួលទានអាហារច្រើនក្នុងពេលវេលាចន្លោះវែងពីគ្នា អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ុល។ ទន្ទឹមនឹងទម្លាប់ទទួលទានអាហារតិចតួច និងជាញឹកញាប់ សូមប្រាកដថាកម្រិតអាំងស៊ុយលីនមិនកើនឡើងដែលអាចបណ្តាលឱ្យរាងកាយផ្ទុកជាតិខ្លាញ់។
    • កង្វះសកម្មភាពរាងកាយ-កម្មវិធីជាតិស្តីពីការអង្កេតត្រួតពិនិត្យសុខភាព និងអាហារូបត្ថម្ភរបស់អាមេរិកបានបង្ហាញថាការធ្វើឱ្យជីវិតនៅតែមួយកន្លែងគឺពាក់ព័ន្ធជាមួយនឹងការឡើងទម្ងន់។ អ្នកដែលមានរបៀបរស់រស់នៅដោយមានសកម្មភាពរាងកាយអាចគ្រប់គ្រងការឡើងទម្ងន់របស់ខ្លួនបានយ៉ាងងាយស្រួល។ មនុស្សពេញវ័យដែលហាត់ប្រាណប្រហែល30នាទីក្នុងមួយថ្ងៃហាក់ដូចជាមានសុខភាពល្អជាង និងអាចគ្រប់គ្រងទម្ងន់របស់ខ្លួនបានល្អជាង។

    ភាពធាត់ជ្រុលគឺជាជំងឺស្មុគស្មាញ និងតម្រូវឱ្យមានការព្យាបាលពហុមុខព្រួញរួមមាន ការប្រើប្រាស់ឱសថ ការផ្លាស់ប្តូររបៀបរស់នៅ និងពេលខ្លះឈានដល់ការវះកាត់ផងដែរ។ វាជាការល្អបំផុតដែលត្រូវពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពដែលមានបទពិសោធន៍ដើម្បីជួយលោកអ្នកក្នុងការសម្រកទម្ងន់ និងផ្តល់នូវលទ្ធផលប្រកបដោយប្រសិទ្ធភាពរយៈពេលវែង។

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog