ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៦
អ្នកជំងឺទឹកនោមផ្អែមជាតែងព្រួយបារម្ភអំពីការផ្លាស់ប្តូរកម្រិតជាតិស្ករនៅក្នុងឈាម។ ជាតិស្ករនៅក្នុងឈាមសំដៅទៅលើបរិមាណគ្លុយកូសដែលមាននៅក្នុងឈាមរបស់អ្នក និងត្រូវបានគេវាស់ជាមីលីក្រាម/ដេស៊ីលីត្រ ។ តើអ្នកដឹងទេថាកម្រិតគ្លុយកូសក្នុងឈាមរបស់អ្នកប្រែប្រួលពេញមួយថ្ងៃ ទាំងនៅពេលយប់ផងដែរ?កម្រិតនេះពឹងផ្អែកទៅលើពេលវេលា អាហារ និងរបៀបដែលអ្នកទទួលទាន និងថាតើអ្នកជាមនុស្សមិនសូវធ្វើលំហាត់ប្រាណ ឬស្វាហាប់ចូលចិត្តធ្វើសកម្មភាព។
ការយល់ដឹងពីកម្រិតធម្មតានៃជាតិស្ករនៅក្នុងឈាម
ប្រសិនបើអ្នកទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្តកម្រិតជាតិស្ករនៅក្នុងឈាម គ្រូពេទ្យនឹងធ្វើតេស្តពីរ។ តេស្តទី១ ធ្វើដោយការតមអាហារទុកក្រពះឱ្យនៅទទេ(បន្ទាប់ពីការតមអាហារ ៨ ម៉ោង ជាធម្មតានៅពេលព្រឹក)និងតេស្តទីពីរគឺពីរម៉ោងបន្ទាប់ពីការបរិភោគអាហារ។ កម្រិតជាតិស្ករក្នុងឈាមធម្មតាបន្ទាបពីការតមអាហារ គឺជាទូទៅនៅចន្លោះពី ៧០ ទៅ ៩៩ មីលីក្រាម/ដេស៊ីលីត្រ ឯកម្រិតជាតិស្ករនៅក្នុងឈាមធម្មតាបន្ទាប់ការបរិភោគអាហារពីរម៉ោង គឺប្រមាណតិចជាង ១៤០ មីលីក្រាម/ដេស៊ីលីត្រ ។
ដូចដែលអ្នកឃើញហើយ មានភាពខុសគ្នាខ្លាំងណាស់ចំពោះកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។ កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចកើនឡើង ឬថយចុះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដឹងហេតុផលនៃការប្រែប្រួលនេះ អ្នកធ្វើសកម្មភាពការពារទុកមុន។ អ្នកអាចតាមដានការប្រែប្រួល និងតាមដានជំងឺទឹកនោមផ្អែមរបស់អ្នក។
មូលហេតុនៃការប្រែប្រួលកម្រិតជាតិស្ករនៅក្នុងឈាម
- ជាតិកាហ្វេអ៊ីន និងជាតិផ្អែមសិប្បនិម្មិត៖ អ្នកអាចភ្ញាក់ផ្អើលបើអ្នកដឹងថាកាហ្វេមួយកែវតូចល្មមមានជាតិកាហ្វេអ៊ីនប្រហែល ៩៥ មីលីក្រាម!មិនថាអ្នកទទួលទានកាហ្វេឆុងធម្មតា អិចប្រេសសូ កាហ្វេកញ្ចប់ ឬ កាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន(decaf)នោះទេ តិច ឬច្រើនវានៅតែមានជាតិកាហ្វេអ៊ីន។ ស្រដៀងគ្នាដែរ ភេសជ្ជៈ និងអាហារសម្រកទម្ងន់ដែលមានផ្ទុកជាតិផ្អែមសិប្បនិម្មិតក៏អាចបង្កឱ្យមានការប្រែប្រួលជាតិស្ករក្នុងឈាមដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការទទួលយកជាតិកាហ្វេអ៊ីន និងស្ករសិប្បនិម្មិតរបស់មនុស្សម្នាក់ៗមានភាពខុសៗគ្នា អ្នកគួរតាមដានថាតើសារជាតិទាំងនេះធ្វើឱ្យប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកយ៉ាងដូចម្តេច។

- ជំងឺផ្តាសាយ និងគ្រុនផ្តាសាយធំ៖ ប្រសិនបើអ្នកមានជំងឺផ្តាសាយធ្ងន់ធ្ងរ ឬមានជំងឺគ្រុនផ្ដាសាយធំ ហើយប្រើថ្នាំសម្រាប់ជំងឺនោះ ចូររំពឹងថាកម្រិតជាតិស្កររបស់អ្នកនឹងកើនឡើង។ វិធីល្អបំផុតដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាមឱ្យស្ថិតក្នុងកម្រិតធម្មតាគឺត្រូវរក្សាជាតិទឹកក្នុងខ្លួនឱ្យបានល្អ។ ដូច្នេះ សូមទទួលទានភេសជ្ជៈដែលល្អដល់សុខភាព ទឹក និងភេសជ្ជៈដែលគ្មានកាឡូរី ឱ្យបានគ្រប់គ្រាន់។

- ភាពតានតឹង៖ នៅពេលអ្នកមានភាពតានតឹងខ្លាំង រាងកាយរបស់អ្នកបញ្ចេញអរម៉ូន ដូចជាEpinephrineនិងCortisolដើម្បីជួយអ្នកទប់ទល់នឹងភាពតានតឹង។ យន្តការនេះត្រូវបានគេស្គាល់ថាជាប្រតិកម្មតបរបស់រាងកាយ ដែលកើតឡើងនៅពេលអរម៉ូនទាំងនេះបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។ មនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ងាយនឹងប្រឈមនិងករណីបែបនេះណាស់។ គេក៏សង្កេតឃើញដែរថា ដោយសារតែភាពតានតឹង អ្នកជំងឺទឹកនោមផ្អែមអាចមិនសូវយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួនឡើយ-ពួកគេមិនហាត់ប្រាណ ឬមានរបបនៃការទទួលទានអាហារដែលមិនល្អដល់សុខភាព។ ពួកគេអាចនឹងទទួលទានជាតិអាល់កុលហួសកម្រិត ឬមិនបានពិនិត្យកម្រិតគ្លុយកូសរបស់ខ្លួន។ ជាលទ្ធផល កម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេកើនឡើងដោយមិនអាចគ្រប់គ្រងបាន។ វិធីល្អបំផុតដើម្បីរក្សាកម្រិតស្ករដែលបណ្តាលមកពីភាពតានតឹងគឺរក្សាភាពស្ងប់ និងបន្ធូរអារម្មណ៍។

- ការគេងមិនគ្រប់៖ រាងកាយមនុស្សត្រូវការការគេងដែលគ្មានការរំខាន ជាមធ្យមពី ៦ ទៅ ៨ ម៉ោង។ ការគេងគឺជាយន្តការធម្មជាតិរបស់រាងកាយដើម្បីរក្សាសុខភាពឱ្យបានល្អ។ ការគេងមិនគ្រប់គ្រាន់អាចនាំឱ្យមានភាពតានតឹង ដែលនាំឱ្យមានកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់។ វាជាការសំខាន់ក្នុងការអនុវត្តតាមទម្លាប់គេងល្អ និងប្រកាន់ទម្លាប់នោះឱ្យបានខ្ជាប់ខ្ជួន។

- ការប្រើថ្នាំ៖ អ្នកជំងឺទឹកនោមផ្អែមអាចមានការប្រែប្រួលកម្រិតជាតិស្ករក្នុងឈាមក៏ដោយសារតែជាតិអាំងស៊ុយលីន ស្តេរ៉ូអ៊ីត និងការប្រើថ្នាំមួយចំនួនទាក់ទងនឹងសម្ពាធឈាម ក្រពេញទីរ៉ូអ៊ីដ ថ្នាំការពារមិនឱ្យមានកូន ការធ្លាក់ទឹកចិត្ត និងជំងឺផ្សេងៗជាច្រើនទៀត។ ការពិត យោងទៅតាមការបោះពុម្ពផ្សាយឯករាជ្យមួយដែលមានចំណងជើងថា ជំងឺទឹកនោមផ្អែមក្រោមការគ្រប់គ្រង មានឱសថចំនួន ៣៩០ មុខដែលអាចកែប្រែកម្រិតជាតិស្ករក្នុងឈាមក្នុងមនុស្សម្នាក់។ ដូចនេះ អ្នកគួរប្រើថ្នាំឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

- គ្រឿងស្រវឹង៖ សូម្បីតែគ្រឿងស្រវឹងក៏អាចធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើង ដោយមិនអាចគ្រប់គ្រងបានដែរ ដោយសារវាមានជាតិកាបូអ៊ីដ្រាតខ្ពស់។ ដំបូង អ្នកនឹងឃើញជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើង ហើយបន្ទាប់មកវានឹងធ្លាក់ចុះខ្លាំង។ ការធ្លាក់ចុះនេះអាចមានរយៈពេលរហូតដល់ ១២ ម៉ោង។ សមាគមអ្នកជំងឺទឹកនោមផ្អែមអាមេរិកបានណែនាំឱ្យទទួលទានត្រឹមតែមួយកំបុងសម្រាប់ស្ត្រី និងពីរកំបុងសម្រាប់បុរស។ ដូច្នេះ សូមគិតមុនពេលអ្នកទទួលទានគ្រឿងស្រវឹង។

- អាកាសធាតុ៖ ទោះអ្នកជឿ ឬមិនជឿក៏ដោយ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យ ជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើង ឬធ្លាក់ចុះ។ នៅពេលក្តៅ អ្នកជំងឺទឹកនោមផ្អែមអាចបាត់បង់ជាតិទឹក ហេតុនេះ ជាតិស្ករនៅក្នុងឈាមនឹងកើនឡើងខ្ពស់ ហើយមុខងាររបស់តម្រងនោមនឹងមិនដំណើរការធម្មតាទេ។ តម្រងនោមមិនអាចបញ្ចេញជាតិគ្លុយកូសបន្ថែមណាមួយពីរាងកាយទេ។ ដូច្នេះ គួរតែរក្សាជាតិទឹក្នុងខ្លួនឱ្យបានល្អ។ នៅពេលសីតុណ្ហភាពត្រជាក់ លទ្ធភាពមានជំងឺមានអត្រាខ្ពស់ ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមប្រែប្រួល។ ត្រូវគ្របដណ្តប់ខ្លួនប្រាណឱ្យបានកក់ក្ដៅដើម្បីចៀសវាងបញ្ហាបែបនេះ។
- ការហាត់ប្រាណ៖ មែនហើយ ការហាត់ប្រាណគឺវិធីដ៏ល្អសម្រាប់អ្នក ប៉ុន្តែប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម សូមព្យាយាមធ្វើផែនការហាត់ប្រាណជាក់លាក់ផ្ទាល់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាអ្នកមិនជួបប្រទះការឡើងខ្ពស់ និងការចុះខ្លាំងនៃកម្រិតជាតិស្ករក្នុងឈាម។ នៅពេលដែលអ្នកធ្វើលំហាត់ប្រាណ ចង្វាក់បេះដូងរបស់អ្នកនឹងកើនឡើង។ វានឹងធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកកើនឡើងលឿន បន្ទាប់មកនឹងធ្លាក់ចុះវិញ។ ដូច្នេះ ការហាត់ប្រាណខ្លាំងពេកមិនមែនជាអ្វីដែលអ្នកចង់បាននោះទេ ព្រោះវាអាចធ្វើឱ្យកម្រិតជាតិស្កររបស់អ្នកធ្លាក់ចុះក្នុងរយៈពេល យ៉ាងហោចណាស់ ២៤ ម៉ោង។ អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការទទួលទានចំណីមុនពេលអ្នកចាប់ផ្តើមហាត់ប្រាណ។ អ្នកជំងឺទឹកនោមផ្អែមគួរពិនិត្យមើលកម្រិតជាតិស្ករនៅក្នុងឈាមមុនពេល អំឡុងពេល និងក្រោយពេលធ្វើលំហាត់ប្រាណ ហើយត្រូវព្យាបាលឱ្យបានសមស្រ

- ជំងឺទឹកនោមផ្អែមមិនមានន័យថាអ្នកត្រូវព្រួយបារម្ភអំពីការប្រែប្រួលកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកគ្រប់ពេល ហើយភ្លេចរីករីយនឹងជីវិតធម្មតារបស់អ្នកនោះទេ។ អ្វីដែលសំខាន់នោះគឺអ្នកត្រួតពិនិត្យវានៅចន្លោះពេលទៀងទាត់ ទទួលទានអ្វីដែលល្អដល់សុខភាព ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ និងទៅជួបគ្រូពេទ្យជាទៀងទាត់។”



0 Comments