ថ្ងៃ០៩ ខែមីនា ឆ្នាំ២០១៦
លោកJohn Lennonដែលជាសហស្ថាបនិកដ៏ល្បីល្បាញលើពិភពលោកនៃក្រុមតន្រ្តីល្បីBeatlesធ្លាប់និយាយថា””បង្កើតអត្ថន័យសម្រាប់ជីវិតអ្នកដោយស្មាមញញឹម មិនមែនដោយដំណក់ទឹកភ្នែកទេ។””ជាអកុសល នៅពេលដែលយើងមានអាយុកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ យើងហាក់ដូចជាញញឹមកាន់តែតិចទៅៗ។ ចូរគិតអំពីរឿងនេះ…ការស្រាវជ្រាវបានបង្ហាញថា កុមារសើចជាមធ្យម ៣០០ ដងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ។ ប៉ន្តែទាំងខ្ញុំ និង អ្នក ជាមនុស្សពេញវ័យ សើចជាមធ្យមត្រឹមតែ ៥ ដងប៉ុណ្ណោះក្នុងមួយថ្ងៃ!ហេតុអ្វី?តើធម្មជាតិនៃការញញឹមនេះរលាយបាត់ នៅពេលដែលយើងធំឡើងឬ?តើវាមានតម្លៃទេ ក្នុងការញញឹម និងរីករាយជាមួយជីវិតប្រចាំថ្ងៃរបស់យើង ឬយើងគួរបន្តជីវិតសោកសៅ និងតឹងតែង?ចូរអានបន្តដើម្បីដឹងបន្ថែមអំពីឥទ្ធិពលនៃការសើចលេង និងសំណើចចំពោះសុខភាពរបស់យើង។

ចាប់តាំងពីពេលយូរលង់មកហើយ មនុស្សតែងតែមានអារម្មណ៍ល្អប្រសើរជាងមុន ក្រោយពីសើចហើយ។ អ្នកវិទ្យាសាស្រ្តសម័យទំនើបបានធ្វើពិសោធន៍ដ៏ច្រើនសន្ធឹកសន្ធាប់អំពីផលប្រយោជន៍នៃសំណើចលើសុខភាព ហើយការសិក្សាទាំងនោះបានរកឃើញចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួនដូចខាងក្រោម។
ការកំប្លែងលេង និងសំណើចបង្កើនប្រព័ន្ធភាពស៊ាំ បង្កើនថាមពលរបស់អ្នក កាត់បន្ថយការឈឺចាប់ និងការពារអ្នកពីផលប៉ះពាល់នៃភាពតានតឹង។ ល្អបំផុតនោះគឺវាសប្បាយ មិនអស់លុយ និងងាយធ្វើ។ ជាការពិតណាស់ សំណើចគឺជាឱសថដ៏ល្អសម្រាប់ចិត្ត និងរាងកាយ។
តើមានអ្វីកើតឡើងនៅពេលយើងសើច?នៅពេលយើងសើច មានការផ្លាស់ប្តូរជាច្រើនដែលកើតឡើងទៅរាងកាយរបស់យើង។ សាច់ដុំផ្ទៃមុខ និងរាងកាយរបស់យើងធ្វើចលនា ជីពចរ និងសម្ពាធឈាមរបស់យើងកើនឡើង យើងដកដង្ហើមលឿនជាងមុន ហើយបញ្ជូនអុកស៊ីសែនបន្ថែមទៅជាលិការបស់យើង។ ការសើចជារៀងរាល់ថ្ងៃអាចទទួលបានអត្ថប្រយោជន៍រយៈពេលខ្លី និងរយៈពេលវែង។
អត្ថប្រយោជន៍រយៈពេលខ្លី៖
ការសើចមានអត្ថប្រយោជន៍រយៈពេលខ្លីដ៏អស្ចារ្យ ។ សំណើចអាច៖
- រំញោចសរីរាង្គច្រើនផ្នែក៖ សំណើចបង្កើនការស្រូបយកខ្យល់ដែលសម្បូរអុកស៊ីហ្សែន រំញោចបេះដូង សួត និងសាច់ដុំរបស់អ្នក និងបង្កើនអង់ដូភីនដែលត្រូវបានបញ្ចេញដោយខួរក្បាលរបស់អ្នក។ អង់ដូភីនគឺជាសារធាតុគីមីដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ
- បន្ថយភាពតានតឹង និងការព្រួយបារម្ភ៖ ការសើចបង្កើនការទប់ទល់នឹងភាពតានតឹងរបស់អ្នក និងផ្តល់ឱ្យអ្នកនូវអារម្មណ៍ល្អ។ សំណើចក៏អាចជំរុញដំណើរឈាមរត់ និងជួយសម្រួលសាច់ដុំដែលចំណុចទាំងពីរនេះអាចជួយបន្ថយរោគសញ្ញាជាក់ស្តែងមួយចំនួននៃភាពតានតឹង។ វាក៏បណ្តាលឱ្យថយចុះកម្រិតអ័រម៉ូននៃភាពតានតឹង ដូចជាCortisolនិងEpinephrineផងដែរ
អត្ថប្រយោជន៍រយៈពេលវែង៖
មនុស្សដែលទទួលបានការរីករាយជារៀងរាល់ថ្ងៃ ក៏ទទួលបាននូវផលប្រយោជន៍រយៈពេលវែងជាច្រើនផងដែរ។
- បង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក៖ ខណៈពេលដែលគំនិតអវិជ្ជមានបង្កើនភាពតានតឹងកាន់តែច្រើន និងធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ សំណើច និងគំនិតវិជ្ជមានបញ្ចេញសារធាតុNeuropeptidesដែលជួយទប់ទល់នឹងភាពតានតឹង និងពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។ ការសិក្សាជាច្រើនបានបង្ហាញថាសំណើចអាចបង្កើនប្រព័ន្ធភាពស៊ាំដោយបង្កើនចំនួនអង្គបដិបក្ខប្រឆាំងមេរោគ ក៏ដូចជាកោសិកាឈាមសនៅក្នុងឈាម។
- បំបាត់ការឈឺចាប់៖ សំណើចក៏អាចជួយបន្ធូរបន្ថយការឈឺចាប់បានដែរ ដោយធ្វើឱ្យរាងកាយបង្កើតចេញសារធាតុបំបាត់ការឈឺចាប់ធម្មជាតិដោយខ្លួនឯង។ សំណើចនាំមកនាំមកនូវការបង្វែរអារម្មណ៍ដែលវាក៏អាចជួយឱ្យមនុស្សមានគំនិតវិជ្ជមាន និងបន្ថយការឈឺចាប់
- បង្កើនអារម្មណ៍ និងការរីករាយរបស់អ្នក៖ សំណើចអាចជួយឱ្យអ្នកប្រឈមមុខនឹងការផ្លាស់ប្តូរស្ថានភាពក្នុងជីវិត បាន។ ទំនាក់ទំនងសង្គមដែលមានលាយលំនឹងសំណើច អាចជួយបន្ថយការធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍ ហើយធ្វើឱ្យអ្នកមានអារម្មណ៍រីករាយជាងមុន
- បង្កើនគុណភាពនៃដំណេក៖ ចំពោះអ្នកដែលមានបញ្ហាពិបាកគេងពេលយប់ ឬគេងមិនស្កប់ស្គល់ សំណើចក៏អាចត្រូវបានគេចាត់ទុកថាជាថ្នាំព្យាបាលផងដែរ។ សំណើចធ្វើឱ្យរាងកាយបង្កើតសារធាតុមេឡាតូនីន(Melatonin)បន្ថែម ដែលជាអរម៉ូនបញ្ចេញដោយខួរក្បាល ដែលជួយឱ្យអ្នកគេងលក់ស្រួល។ ដូច្នេះ នៅពេលយប់ ជាការល្អដែលមានពេលលេងសើចជាមួយក្រុមគ្រួសាររបស់អ្នកនៅតុអាហារពេលល្ងាច ឬមើលកម្មវិធីកំប្លែងមួយចំនួនជាមួយក្រុមគ្រួសាររបស់អ្នក។
- រក្សាយុវភាពរបស់អ្នក៖ តើអ្នកដឹងទេថានៅពេលអ្នកញញឹមម្តងៗ សាច់ដុំផ្ទៃមុខរហូតដល់ ១៥ កំពុងធ្វើការរួមគ្នា ដែលធ្វើឱ្យឈាមរត់នៅលើមុខរបស់អ្នកមានភាពប្រសើរឡើង ហើយធ្វើឱ្យអ្នកមើលទៅក្មេងជាងមុន និងមានសុខភាពល្អជាងមុន
តារាងទី ១៖ អត្ថប្រយោជន៍នៃសំណើចចំពោះសុខភាព
| អត្ថប្រយោជន៍ខាងសុខភាពរាងកាយ | អត្ថប្រយោជន៍សុខភាពផ្លូវចិត្ត | អត្ថប្រយោជន៍សង្គម |
| បង្កើនភាពស៊ាំ | បន្ថែមភាពរីករាយក្នុងជីវិតប | ង្កើនទំនាក់ទំនងជាមួយអ្នកដទៃ |
| កាត់បន្ថយអ័រម៉ូននៃភាពតានតឹង | កាត់បន្ថយការថប់អារម្មណ៍ និងការភ័យខ្លាច | បង្កើនការធ្វើការងារជាក្រុម |
| បន្ថយការឈឺចាប់ | បង្កើននូវអារម្មណ៍ល្អ | បន្ថយជម្លោះ |
| សម្រួលសាច់ដុំ បង្កើនភាពជិតស្និត | បង្កើនភាពធន់ | បង្កើនភាពជិតស្និត |
ដូច្នេះ ដោយសារយើងជឿជាក់ថាសំណើចគឺជាជម្រើសដ៏ល្អមួយចំពោះសុខភាព តើយើងត្រូវធ្វើយ៉ាងណាដើម្បីបញ្ចូលវាទៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង?មនុស្សជាច្រើនគិតថាពួកគេខ្វះសមត្ថភាពក្នុងការនិយាយកំប្លែង ឬខ្វះសមត្ថភាពដឹងថាស្ថានភាពមួយគួរឱ្យចង់សើច ឬអត់។ មិនបាច់បារម្ភទេ។ មិនមែនមានតែអ្នកទេដែលមានបញ្ហានេះ។ វាជារឿងធម្មតា តែក៏មានដំណោះស្រាយដែរ។ ត្រូវហើយ អ្នកអាចរៀនបង្កើនបរិមាណនៃសំណើចរបស់អ្នក។
តើធ្វើដូចម្តេចដើម្បីបង្កើនសមត្ថភាពសំណើចរបស់អ្នក?
ការកំប្លែងលេង គេអាចរៀនបាន។ នៅពេលដែលអ្នកបានកំណត់គោលដៅនៃការបង្កើនសមត្ថភាពសំណើចរបស់អ្នក អ្នកក៏អាចអភិវឌ្ឍ ឬកែលម្អវាដូចគ្នាដែរ។
- ចាប់ផ្តើមការប្រមូលរឿងកំប្លែងទុក៖ នៅចាំសៀវភៅរឿងកំប្លែងដែលអ្នកចូលចិត្តកាលពីនៅកុមារទេ?ទៅទិញសៀវភៅរឿងកំប្លែងពីរបីក្បាល ហើយទុកវានៅលើតុរបស់អ្នកនៅផ្ទះ នៅលើតុបាយ នៅក្បែរគ្រែរបស់អ្នក និងនៅកន្លែងផ្សេងទៀតដែលងាយស្រួលយក។ ព្យួរផ្ទាំងផូស្ទ័រដែលធ្វើឱ្យអ្នកសើចនៅផ្ទះ ឬនៅក្នុងការិយាល័យរបស់អ្នក។ កុំភ្លេចអានរឿងកំប្លែងប្រចាំថ្ងៃនៅក្នុងកាសែតផង។ រក្សាទុកវីដេអូកំប្លែងៗ ខ្សែភាពយន្ត ឬអាល់ប៊ុមកំប្លែង នៅនឹងខ្លួនសម្រាប់ពេលដែលអ្នកត្រូវការសំណើចបន្ថែម
- សើច ហើយពិភពលោកនឹងសើចជាមួយអ្នក៖ ស្វែងរកវិធីដើម្បីសើចនៅក្នុងស្ថានភាពប្រចាំថ្ងៃរបស់អ្នក នោះអ្នកនឹងឃើញភាពតានតឹងរបស់អ្នកចាប់ផ្តើមរលាយបាត់។ ព្យាយាមបញ្ឈប់ការមើលជីវិតបែបមិនល្អ និងផ្លូវអាក្រក់ ហើយស្វែងរកជ្រុងវិជ្ជមានដែលភ្លឺស្វាង នៅក្នុងគ្រប់ហេតុការណ៍នៃជីវិតរបស់អ្នក។ បើទោះបីជាដំបូង អ្នកអាចមានអារម្មណ៍ថាជាការបង្ខំក៏ដោយ ត្រូវអនុវត្តការសើច។ វាល្អសម្រាប់រាងកាយរបស់អ្នក
ត្រូវរក្សាទំនាក់ទំនងជាមួយមិត្តភក្តិដែលសើចញឹកញាប់៖ បង្កើតទម្លាប់ចំណាយពេលជាមួយមិត្តភក្តិដែលធ្វើឱ្យអ្នកសើច។ ហើយបន្ទាប់មក សងទៅពួកគាត់វិញដោយការចែករំលែករឿងសំណើច ឬរឿងកំប្លែងជាមួយអ្នកដែលនៅជុំវិញអ្នក - ចូលជាសមាជិកក្លឹបសំណើច៖ នៅតាមសួនច្បារសាធារណៈជាច្រើន អ្នកអាចរកក្លឹបសំណើច ដែលពួកគេជួបគ្នាជារៀងរាល់ព្រឹក។ ពួកគេអនុវត្តសំណើចជាច្រើនប្រភេទ។ ទោះបីដំបូង អ្នកអាចមានអារម្មណ៍ឆ្គង ព្រោះនេះជាការសើចដោយបង្ខំដោយគ្មានស្ថានភាពគួរឱ្យចង់សើចពិតប្រាកដទេ ប៉ុន្តែមិនយូរទេ សំឡេងមនុស្សដែលចូលរួមសើចខ្លាំងៗទាំងនោះនឹងបំផ្លាញនូវឧបសគ្គទាំងអស់របស់អ្នក ហើយអ្នកក៏នឹងគិតថាវាជាពេលសើចសប្បាយរបស់អ្នកដែរ។
- ដូច្នេះតើអ្នកជឿហើយឬនៅថាចំណើចគឺជាឱសថល្អបំផុត ហើយអ្នកអាចយកវាបានដោយមិនអស់លុយ ដោយគ្រាន់តែចំណាយការខិតខំប្រឹងប្រែងបន្តិចបន្តួច?ចូរចាប់ផ្ដើម ហើយសាកល្បងទៅ។ តោះ!ញញឹម ខណៈដែលអ្នកកំពុងអានអត្ថបទនេះ។ ទាញគែមមាត់ទាំងសងខាងរបស់អ្នកឡើងលើ ហើយបង្កើតវាទៅជាស្នាមញញឹមដ៏ធំមួយ។ ឥឡូវអ្នកកំពុងញញឹម ផ្ដើមទៅមុខពីស្នាមញញឹមទៅការសើចតិចតួច បើទោះបីជាវាមានអារម្មណ៍ថាដូចជាការបង្ខំបន្តិចក៏ដោយ។ បន្ទាប់ទៀតសូមសើចឱ្យខ្លាំងៗ

តើអ្នកមានអារម្មណ៍ប្រសើរជាងមុនទេឥឡូវនេះ?តើអ្នកមានអារម្មណ៍ងាយស្រួលជាងមុនទេ?នោះហើយជារឿងដ៏អស្ចារ្យបែបធម្មជាតិនៃការសើច។ ហា ហា ហា ហា
សើចខ្លាំងៗល្អចំពោះសុខភាព



0 Comments