ថ្ងៃ២០ ខែមករា ឆ្នាំ២០១៦
ជំងឺមហារីកគឺជាពាក្យទូលំទូលាយមួយសម្រាប់ក្រុមជំងឺដែលត្រូវបានសម្គាល់ដោយកោសិកាមិនប្រក្រតីដែលរីកលូតលាស់ និងលុកលុយកោសិកាដែលមានសុខភាពល្អនៅក្នុងរាងកាយ។ ជំងឺមហារីកសុដន់ចាប់ផ្តើមពីកោសិកាសុដន់ ជាបណ្ដុំនៃកោសិកាមហារីក ដែលអាចវាយប្រហារទៅលើជាលិការជុំវិញសុដន់ ឬរីករាលដាល(ដោយជំងឺមហារីក)ទៅផ្នែកដទៃទៀតនៃរាងកាយ។ សញ្ញានៃជំងឺមហារីកសុដន់អាចមានដូចជាដុំសាច់នៅក្នុងសុដន់ ការផ្លាស់ប្តូរទ្រង់ទ្រាយនៃសុដន់ ស្បែកសុដន់ឡើងកន្ទួល ក្បាលសុដន់ចេញទឹករងៃ ឬបំណែកនៃការប្រេះស្រកាពណ៌ក្រហមនៃស្បែកសុដន់។ ចំពោះអ្នកដែលមានការឆ្លងរាលដាលទៅផ្នែកផ្សេងៗនៃរាងកាយ ពួកគេអាចមានការឈឺឆ្អឹង ហើមកូនកណ្តុរ ដង្ហើមខ្លី ឬស្បែកលឿង។
ការយល់ច្រឡំអំពីជំងឺមហារីកដូចជា មូលហេតុនៃការកើតជំងឺ ការរីករាលដាលជាដើម អាចនាំឱ្យមានការព្រួយបារម្ភដោយមិនចាំបាច់ជាច្រើនអំពីសុខភាពរបស់អ្នក។ ការនិយាយតគ្នាដែលធ្វើឱ្យភ័យខ្លាចជាច្រើន ទាំងនៅលើអ៊ិនធឺណិត និងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលថា វត្ថុ និងផលិតផលប្រប្រាស់ប្រចាំថ្ងៃ ដូចជាផ្លាស្ទិច និងផលិតផលបំបាត់ក្លិនអាក្រក់ គឺជាមូលហេតុសម្ងាត់ដែលនាំឱ្យកើតជំងឺមហារីក។ ក្រៅពីការយល់ខុសហើយ ការយល់ច្រលំជាច្រើនអាចធ្វើឱ្យអ្នកព្រួយបារម្ភដោយមិនចាំបាច់អំពីសុខភាពគ្រួសាររបស់អ្នក។ មុនពេលអ្នកភ័យស្លន់ស្លោ សូមយល់ពីការពិតជាមុនសិន។ សូមអានបន្តដើម្បីស្វែងយល់ថាតើនិយាយតគ្នាអំពីជំងឺមហារីកសុដន់ទាំងនេះមានការពិតដែរ ឬទេ។
ការយល់ច្រលំ ទី១៖ ផលិតផលការពារទល់នឹងការបែកញើសក្លៀក ឬផលិតផលបំបាត់ក្លិនអាក្រក់អាចបង្កឱ្យមានជំងឺមហារីកសុដន់។
ការពិត៖ យោងតាមវិទ្យាស្ថានជាតិជំងឺមហារីក និងស្ថាប័នស្រាវជ្រាវដទៃទៀតនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា គ្មានភ័ស្តុតាងគួរឱ្យជឿជាក់ណាមួយដែលបង្ញាញពីការជាប់ទាក់ទងរវាងផលិតផលការពារទប់ទល់នឹងការបែកញើសក្លៀក ឬផលិតផលបំបាត់ក្លិនអាក្រក់ ជាមួយនឹងជំងឺមហារីកសុដន់ទេ។
របាយការណ៍មួយចំនួនបានលើកឡើងថា ផលិតផលទាំងនេះមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ ដូចជាសារធាតុអាលុយមីញ៉ូម និងសារធាតុបង្ការកុំឱ្យខូចគុណភាព ដែលអាចស្រូបចូលទៅក្នុងស្បែក ឬចូលក្នុងខ្លួនតាមស្នាមដាច់ដែលបណ្តាលមកពីការកោរ។ មិនមានការស្រាវជ្រាវវិជ្ជសាស្ត្រណាមួយបានផ្តល់ចម្លើយច្បាស់លាស់ចំពោះសំណួរថាតើផលិតផលទាំងនេះបង្កឱ្យមានជំងឺមហារីកសុដន់នោះទេ។ ប៉ុន្តែភស្តុតាងកន្លងមកបានបង្ហាញថា ផលិតផលទាំងនេះមិនបង្កជំងឺមហារីកទេ។
ប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភថាផលិតផលការពារទល់នឹងការបែកញើសខ្លៀក ឬផលិតផលបំបាត់ក្លិនអាក្រក់របស់អ្នក អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីក អ្នកគួរជ្រើសរើសផលិតផលដែលមិនមានសារធាតុគីមីដែលធ្វើឱ្យអ្នកព្រួយបារម្ភ។ មានផលិតផលបំបាត់ក្លិនអាក្រក់តាមបែបធម្មជាតិជាច្រើនដែលអាចរកបាន ឬអ្នកអាចសាកល្បងវិធីសាស្រ្តនៅផ្ទះមួយចំនួនសម្រាប់ការពារក្លិនខ្លួន។

ការយល់ច្រលំ ទី២៖ អាវទ្រនាប់បង្កឱ្យកើតជំងឺមហារីកសុដន់។
ការពិត៖ អាវទ្រនាប់មិនបង្កឱ្យកើតជំងឺមហារីកសុដន់ទេ។ ការសិក្សាបែបវិទ្យាសាស្រ្តឆ្នាំ ២០១៤ បានសិក្សាទំនាក់ទំនងរវាងការពាក់អាវទ្រនាប់ និងជំងឺមហារីកសុដន់។ គ្មានកម្រិតហានិភ័យខុសគ្នាពិតប្រាកដរវាងស្ត្រីដែលពាក់អាវទ្រនាប់ និងស្ត្រីដែលមិនពាក់អាវទ្រនាប់ទេ។ វាមិនមានភាពខុសប្លែកគ្នាទេខាងផ្នែកវេជ្ជសាស្ត្រ ទោះបីអាវទ្រនាប់របស់អ្នកមានសសៃលោហៈធាតុនៅខាងក្នុង ឬមិនមាន ទោះបីវាបើកនៅខាងមុខ ឬខាងក្រោយ មានទ្រនាប់ ឬមិនមាន ផលិតពីក្រណាត់នីឡុង កប្បាស ឬវត្ថុធាតុដើមផ្សេងទៀត ឬទ្រសុដន់តិច ឬច្រើនក៏ដោយ។

ការយល់ច្រលំ ទី៣៖ ប្រសិនបើអ្នកមានប្រវត្តិគ្រួសារមានជំងឺមហារីកសុដន់ អ្នកអាចនឹងកើតជំងឺមហារីកសុដន់ដែរ។
ការពិត៖ ទោះបីជាស្ត្រីដែលមានប្រវត្តិគ្រួសារមានជំងឺមហារីកសុដន់ស្ថិតនៅក្នុងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក៏ដោយ ស្ត្រីភាគច្រើនដែលមានជំងឺមហារីកសុដន់មិនមានប្រវត្តិគ្រួសារមានជំងឺមហារីកសុដន់ទេ។ តាមស្ថិតិមានតែ ១០%នៃអ្នកជំងឺដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ប៉ុណ្ណោះ ដែលមានប្រវត្តិគ្រួសារមានជំងឺនេះ។
- ប្រសិនបើអ្នកមានញាតិសណ្តានសាច់ជិតមានជំងឺមហារីកសុដន់៖ ប្រសិនបើអ្នកមានម្តាយ កូនស្រី ឬបងប្អូនស្រីមានជំងឺមហារីកសុដន់ក្រោមអាយុ ៥០ ឆ្នាំ អ្នកគួរតែពិចារណាថតសុដន់ររករោគវិនិច្ឆ័យជាទៀងទាត់ ចាប់ផ្តើមពីរយៈពេល ១០ ឆ្នាំ មុនអាយុដែលសាច់ញាតិនោះត្រូវបានរកឃើញថាមានជំងឺមហារីកសុដន់។
- ប្រសិនបើអ្នកមានញាតិសណ្តានសាច់ឆ្ងាយមានជំងឺមហារីកសុដន់៖ ប្រសិនបើអ្នកមានជីដូន ឬមីងដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ អ្នកក៏មានហានិភ័យខ្លះដែរ ប៉ុន្តែវាមិនស្ថិតនៅក្នុងប្រភេទហានិភ័យដូចអ្នកដែលមានញាតិសណ្តានសាច់ជិតដែលមានជំងឺមហារីកសុដន់ទេ។
- ប្រសិនបើអ្នកមានញាតិសណ្តានច្រើនជំនាន់នៅខាងគ្រួសារឪពុក ឬខាងគ្រួសារម្តាយតែមួយ ដែលមានជំងឺមហារីកសុដន់ ឬប្រសិនបើមានសមាជិកគ្រួសារមួយចំនួនដែលជាញាតិសណ្តានសាច់ជិត ឬសមាជិកច្រើននៃគ្រួសារមួយមានជំងឺមហារីកសុដន់ ក្រោមអាយុ ៥០ ឆ្នាំ អាចមានលទ្ធភាពខ្ពស់ដែលថាមានហ្សែនជំងឺមហារីកសុដន់ ដែលបង្កឱ្យមានជំងឺនេះនៅក្នុងប្រវត្តិគ្រួសារនោះ។

ការយល់ច្រលំ ទី៤៖ ការរកឃើញដុំក្នុងសុដន់របស់អ្នកមានន័យថាអ្នកមានជំងឺមហារីកសុដន់។
ការពិត៖ មានតែភាគរយតួចបណ្ណោះដែលដុំសុដន់ក្លាយទៅជាជំងឺមហារីក។ ប៉ុន្តែប្រសិនបើអ្នករកឃើញដុំពករឹងក្នុងសុដន់របស់អ្នក ឬសម្គាល់ឃើញថាមានការផ្លាស់ប្តូរជាលិកាសុដន់ អ្នកមិនគួរព្រងើយកន្តើយឡើយ។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុដន់។ គ្រូពេទ្យអាចធ្វើការថតសុដន់ ដើម្បីកំណត់ថាតើដុំនោះជាដុំដែលគួរឱ្យព្រួយបារម្ភ ឬអត់។
ត្រូវគ្រប់គ្រងសុខភាពរបស់អ្នកដោយការពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំ រក្សាទំនាក់ទំនងជាប្រចាំជាមួយគ្រូពេទ្យរបស់អ្នក ធ្វើការពិនិត្យសុដន់មួយឆ្នាំម្ដង និងកំណត់ពេលនៃការថតកាំរស្មីដើម្បីពិនិត្យរកជំងឺមហារីករបស់អ្នកឱ្យទៀងទាត់។

ការយល់ច្រលំ ទី៥៖ បុរសមិនកើតជំងឺមហារីកសុដន់ទេ វាកើតតែលើស្ត្រីតែប៉ុណ្ណោះ។
ការពិត៖ ផ្ទុយមកវិញ រៀងរាល់ឆ្នាំ គេប៉ាន់ប្រមាណថាមានបុរសប្រមាណ ២.១៩០ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកសុដន់ និង ហើយស្លាប់ ៤១០ នាក់។ ទោះបីភាគរយនេះនៅតិចតួចក៏ដោយ បុរសក៏គួរតែពិនិត្យខ្លួនឯងជាទៀងទាត់ ដោយធ្វើការពិនិត្យសុដន់ដោយខ្លួនឯង នៅពេលងូតទឹក និងរាយការណ៍ពីការប្រែប្រួលណាមួយដល់គ្រូពេទ្យរបស់ពួកគេ។
ជំងឺមហារីកដោះចំពោះបុរស ជាទូទៅត្រូវបានគេរកឃើញថាជាដុំពករឹងនៅក្រោមក្បាលដោះ និងរង្វង់ជុំវិញក្បាលដោះ។ បុរសមានអត្រាមរណភាពខ្ពស់ជាងស្ត្រីដោយសារតែការយល់ដឹងក្នុងចំណោមបុរសគឺតិចជាង ហើយពួកគេហាក់ដូចជាមិនសូវសន្មតថាដុំពកគឺជាជំងឺមហារីកដោះដែលអាចបណ្តាលឱ្យមានការពន្យារពេលក្នុងការស្វែងរកការព្យាបាល។

ការយល់ច្រឡំ ទី៦៖ ការកម្តៅម្ហូបអាហារដាក់ប្រអប់ប្លាស្ទិក និងកញ្ចប់នានាទៅក្នុងមីក្រូវ៉េវអាចបញ្ចេញនូវសារធាតុបង្កឱ្យមានជំងឺមហារីកទៅក្នុងអាហារ។
ការពិត៖ ប្រអប់ប្លាស្ទិកដែលមានសុវត្ថិភាពក្នុងការប្រើក្នុងមីក្រូវ៉េវ និងកញ្ចប់នានាមានសុវត្ថិភាពក្នុងការប្រើប្រាស់នៅក្នុងមីក្រូវ៉េវ។ ប៉ុន្តែប្រអប់ប្លាស្ទិកមិនមែនសម្រាប់ប្រើនៅក្នុងមីក្រូវ៉េវទេ ប្រអប់ប្លាស្ទិកអាចរលាយ និងមានសារធាតុគីមីលេចធ្លាយចូលក្នុងអាហាររបស់លោកអ្នក។ ដូច្នេះជៀសវាងការដាក់ប្រអប់ដែលមិនមែនសម្រាប់ប្រើក្នុងមីក្រូវ៉េវ ដូចជាប្រអប់ប៊ឺធ្វើពីប្រេងរុក្ខជាតិ ប្រអប់ខ្ចប់អាហារ ឬចានដាក់ក្រែម។ សូមពិនិត្យមើលថា ប្រអប់អាហារដែលអ្នកប្រើក្នុងមីក្រូវ៉េវមានស្លាកសញ្ញាសម្គាល់ថា មានសុវត្ថិភាពក្នុងការប្រើក្នុងមីក្រូវ៉េវ។
ការយល់ច្រឡំ ទី៧៖ មិនមានអ្វីដែលលោកអ្នកអាចធ្វើដើម្បីបន្ថយហានិភ័យនៃការវិវឌ្ឍទៅជាជំងឺមហារីកសុដន់នោះទេ។
ការពិត៖ ៩០%នៃជំងឺមហារីកសុដន់ភាគច្រើនគឺអាស្រ័យលើកត្តារស់នៅ និងកត្តាបរិស្ថាន។ ដើម្បីរក្សាហានិភ័យរបស់លោកអ្នកឱ្យនៅទាបបំផុតតាមដែលអាចធ្វើបាននោះ សូមរក្សាទម្ងន់ដែលល្អសម្រាប់សុខភាព ហាត់ប្រាណឱ្យបានទៀងទាត់ និងកំណត់បរិមាណជាតិស្រវឹងដែលលោកអ្នកផឹក និងសារធាតុខ្លាញ់ដែលអ្នកទទួលទាន។

ការយល់ច្រឡំ ទី៨៖ ការថតកាំរស្មីជាប្រចាំជួយការពារជំងឺមហារីកសុដន់។
ការពិត៖ ការថតកាំរស្មីមិនអាចការពារជំងឺមហារីកសុដន់បានទេ ប៉ុន្តែវាអាចសង្គ្រោះជីវិតបានដោយការរកឃើញមហារីកសុដន់ឱ្យបានលឿនតាមដែលអាចធ្វើបាននៅពេលដែលជំងឺនេះអាចព្យាបាលបាន។

ការយល់ច្រឡំ ទី៩៖ ការថតកាំរស្មីអាចបណ្តាលឱ្យជំងឺមហារីកសុដន់រីករាលដាលបាន។
ការពិត៖ ការថតកាំរស្មី ឬកាំរស្មីអ៊ិចត្រង់សុដន់ បច្ចុប្បន្នគឺជាស្តង់ដារដ៏ប្រសើរសម្រាប់ការរកឱ្យឃើញជំងឺមហារីកសុដន់ដំណាក់កាលដំបូង។ ការសង្កត់សុដន់នៅពេលធ្វើការថតកាំរស្មីមិនអាចបណ្តាលឱ្យមហារីករីករាលដាលនោះទេ។ យោងតាមវិទ្យាស្ថានជាតិជំងឺមហារីក””ទោះបីការថតកាំរស្មីមានអត្ថប្រយោជន៍ក៏ដោយ វាមានផលប៉ះពាល់ខ្លាំងជាងការប៉ះពាល់នឹងវិទ្យុសកម្មទៅទៀត។””ការថតកាំរស្មីទាមទារឱ្យមានការប្រើប្រាស់កម្រិតវិទ្យុសកម្មតិចបំផុត។ ហានិភ័យនៃគ្រោះថ្នាក់ពីការប៉ះពាល់វិទ្យុសកម្មនេះគឺមានកម្រិតទាបបំផុត។
ស្តង់ដារដែលបានណែនាំគឺការថតកាំរស្មីដើម្បីពិនិត្យរកជំងឺមហារីកមួយឆ្នាំម្ដងសម្រាប់ស្ត្រីចាប់ពីអាយុ ៤០ ឆ្នាំ។ ផ្អែកតាមការសម្រេចចិត្តរបស់អ្នកលើការណែនាំរបស់គ្រូពេទ្យ ហើយត្រូវប្រាកដក្នុងការពិភាក្សាអំពីបញ្ហា ឬការព្រួយបារម្ភណាមួយដែលលោកអ្នកអាចមានជាមួយគ្រូពេទ្យ។
ការយល់ច្រឡំ ទី១០៖ អ្នកដែលមានជំងឺមហារីកមិនគួរទទួលទានស្ករទេ ព្រោះវាអាចបង្កឱ្យមានជំងឺមហារីករាលដាលកាន់តែលឿន។

ការពិត៖ ស្ករមិនធ្វើឱ្យមហារីកលូតលាស់រាលដាលលឿននោះទេ។ កោសិកាទាំងអស់រួមទាំងកោសិកាមហារីកគឺអាស្រ័យទៅលើជាតិស្ករ(គ្លុយកូស)ក្នុងឈាមសម្រាប់ថាមពល។ ប៉ុន្តែ ការផ្តល់ជាតិស្ករច្រើនទៅកោសិកាមហារីកមិនបង្កើនល្បឿននៃការលូតលាស់របស់វានោះទេ។ ដូចគ្នានេះដែរ ការយកជាតិស្ករចេញពីកោសិកាមហារីកមិនអាចបន្ថយការលូតលាស់របស់វាបានទេ។
ការយល់ច្រឡំនេះអាចមានមូលដ្ឋានពីការយល់ខុសនៃការថតស្កេនPETដែលប្រើសារធាតុវិទ្យុសកម្មតិចតួចសម្រាប់នាំផ្លូវ–ធម្មតាជាទម្រង់គ្លុយកូស។ ជាលិកាទាំងអស់នៅក្នុងខ្លួនរបស់លោកអ្នកស្រូបយកសារធាតុចាក់បញ្ចូលទាំងនេះ ប៉ុន្តែជាលិកាដែលកំពុងប្រើថាមពលច្រើន-រួមទាំងកោសិកាមហារីកផង-ស្រូបយកបរិមាណច្រើនជាង។ ដោយសារហេតុនេះហើយ មនុស្សមួយចំនួនបានសន្និដ្ឋានថា កោសិកាមហារីកលូតលាស់លឿនជាងមុនដោយសារជាតិស្ករនេះឯង។ ប៉ុន្តែនេះមិនមែនជាការពិតនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ មានភ័ស្តុតាងមួយចំនួនដែលបង្ហាញថា ការទទួលទានជាតិស្ករច្រើនទាក់ទងជាមួយនឹងហានិភ័យការកើនឡើងនៃជំងឺមហារីកជាក់លាក់ រួមទាំងជំងឺមហារីកបំពង់អាហារផងដែរ។ វាក៏អាចនាំឱ្យឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺធាត់ជ្រុល និងជំងឺទឹកនោមផ្អែមដែលអាចបង្កើនហានិភ័យនៃជំងឺមហារីក។
ការយល់ច្រឡំ ទី១១៖ គ្រូពេទ្យរបស់លោកអ្នកតែងតែត្រូវជានិច្ច។
ការពិត៖ អ្នកស្គាល់សុដន់របស់អ្នកជាងគេបំផុត។ ប្រសិនបើអ្នកមានអារម្មណ៍ច្បាស់ថា មានអ្វីមួយខុសប្លែក ប៉ុន្តែវាផ្ទុយពីការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យ សូមជ្រើសរើសគំនិតទី២ ឬស្នើសុំការធ្វើជីវជាលិកាសាស្ត្រ(ការកាត់ច្រិបដុំសាច់ទៅពិនិត្យ)។ ការធ្វើជីវជាលិកាសាស្ត្រគឺជានីតិវិធីតូចតាចដែលមានហានិភ័យទាប និងដែលមានសក្តានុពលក្នុងការទទួលអត្ថប្រយោជន៍ខ្ពស់។ វាជារឿងធម្មតាទេដែលស្ត្រីសង្ស័យថា គាត់មានដុំពក ហើយវាមិនត្រូវបានរកឃើញដោយការថតកាំរស្មីទេ រហូតដល់រយៈពេលច្រើនឆ្នាំក្រោយមក។”




0 Comments