• ហេតុផលទាំង 7 ដែលត្រូវអនុវត្ត

    ហេតុផលទាំង 7 ដែលត្រូវអនុវត្ត
    health
    8-Feb-2017

    ជីវិតគឺខ្លីណាស់។ ហេតុអ្វីយើងមិនប្រើជីវិតរបស់យើងឱ្យល្អបំផុត? ដើម្បីធ្វើដូចនោះ សុខុមាលភាពជាទូទៅគឺជារឿងចំបាច់ ត្រូវមានសារធាតុផ្សំ។ប្រសិនបើលោកអ្នកគិតថា លោកអ្នកត្រូវការអ្វីច្រើនណាស់ដើម្បីរស់នៅឱ្យបានល្អនោះអ្នកពិតជាគិតខុសហើយ។ សូមប្រឈមមុខនឹងរឿងនេះ បញ្ហាសុខភាពគឺមានជាទូទៅហើយវានឹងនៅតែបន្តកើតមាន និងធ្វើឱ្យយើងមិនសប្បាយចិត្តនៅក្នុងអារម្មណ៍របស់យើង។យើងមិនអាចរំពឹងថាអ្វីៗនឹងដំណើរតាមការចង់បានរបស់យើងនោះឡើយ។ប៉ុន្តែប្រសិនបើលោកអ្នកមានចំណេះដឹង លោកអ្នកនឹងដឹងថាលោកអ្នកអាចបង្ការបញ្ហាទាំងនេះបាននិងនៅតែរីករាយ! វាហាក់បីដូចជាចម្លែក ប្រសិនបើខ្ញុំនិយាយថាការដើរពិតជាអាចជួយបានប៉ុន្តែសូមទុកចិត្តខ្ញុំចុះលោកអ្នកនឹងយល់ស្របផងដែរនៅពេលលោកអ្នកអានអត្ថបទនេះរហូតដល់ចប់។

    ហេតុអ្វីលោកអ្នកគួរដើរ?

    • ដោយសារតែលោកអ្នកចង់ស្លៀកខោខូវប៊យដែលលោកអ្នកចូលចិត្តម្តងទៀត – តាមការពិតការដើរនេះបានជួយកាត់បន្ថយទម្ងន់ ឬយ៉ាងហោចណាស់ចៀសវាងការឡើងទម្ងន់។ការមានរបបអាហារដែលមានប្រយោជន៍ដល់សុខភាព និងការដើរជាទៀងទាត់អាចជួយរក្សាទម្ងន់បាន។ប៉ុន្តែ យើងត្រូវតែចងចាំថាតាមរយៈការដើរ មានន័យថា យើងដើរឱ្យបានរហ័សរហួន។ដើរជាមួយដៃគូ ឬជម្រើសដ៏ល្អបំផុតនោះអាចដើរជាមួយសត្វចិញ្ចឹម(សុនខ)ក៏បានដែរ។វិធីដែលលោកអ្នកនឹងមិនធ្វើឱ្យខកខានការដើររបស់លោកអ្នកនោះគឺភាគច្រើនលោកអ្នកនឹងរត់តាមចាប់វា(សត្វចិញ្ចឹម)!

    • ពីព្រោះលោកអ្នកស្រលាញ់បេះដូងរបស់លោកអ្នក – ការដើរគឺជាសកម្មភាពរាងកាយដ៏អស្ចារ្យមួយដែលអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុលសម្ពាធឈាមខ្ពស់ និងរក្សាបេះដូងរបស់លោកអ្នកឱ្យមានសុខភាពល្អ និងមាំមួន។ការដើរនេះត្រូវការរយៈពេល30នាទីជារៀងរាលថ្ងៃ។ មិនពិបាកពេកទេ ! មែនទេ? ជាមួយនឹងនាឡិកាឆ្លាតវៃជំនាន់ថ្មីបំផុត ឬកម្មវិធីសុខភាពនៅលើទូរស័ព្ទលោកអ្នកអាចពិនិត្យតាមដានអត្រាចង្វាក់បេះដូងនិងកម្រិតជាតិកាឡូរីដែលអ្នកបានបាត់បង់!

    • សម្រាប់សុខុមាលភាពទូទៅរបស់លោកអ្នក – ការដើរ 30 នាទីជារៀងរាល់ថ្ងៃពិតជាជំនួសឱ្យការទៅជួបគ្រូពេទ្យពិនិត្យសុខភាពបាន។វាមិនត្រឹមតែល្អសម្រាប់បេះដូងរបស់លោកអ្នកប៉ុណ្ណោះទេវាក៏អាចបង្ការជំងឺទឹកនោមផ្អែម កាត់បន្ថយហានិភ័យនៃជំងឺមហារីកជំងឺរលាកសន្លាក់ឆ្អឹង និងកែលម្អលំហូរឈាមខួរក្បាល ដែលថែរក្សាខួរក្បាលឱ្យសកម្មនិងការពារជំងឺភ្លេចភ្លាំង។

    • គេងដូចជាទារកនៅពេលយប់ – តើលោកអ្នកដឹងទេថា ការកើនឡើងនៃអ័រម៉ូនមេឡាតូនីន (melatonin) អាចធ្វើឱ្យយើងងងុយគេងបាន? គ្មានអ្វីដែលគួរឱ្យងឿងឆ្ងល់នោះទេ!យើងដេកលក់មួយភាំងនៅពេលដែលយើងអង្គុយក្រោមកម្ពៅថ្ងៃក្នុងរដូវរងា! ដូច្នេះឥទ្ធិពលពីពន្លឺព្រះអាទិត្យជាការប្រសើរណាស់សម្រាប់រាងកាយរបស់លោកអ្នក។ការដើរនៅពេលព្រឹកនឹងជួយឱ្យលោកអ្នកគេងលក់ស្កប់ស្កល់នៅពេលយប់។

    • ដោយសារតែលោកអ្នកត្រូវការបំបាត់អារម្មណ៍តានតឹង – ការដើរអាចផ្តល់ពេលវេលាដែលអ្នកត្រូវការដើម្បីបន្ធូរភាពតានតឹង។អ្វីដែលមានលើសពីនេះទៀត គឺថាការហាត់ប្រាណ / ការដើរអាចបញ្ចេញនូវសារធាតុ អង់ដូហ្វីន (Endorphins)ដែលធ្វើឱ្យលោកអ្នកស្រួលខ្លួន។នេះជាព័ត៌មានល្អសម្រាប់លោកអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត។ ការដើរកន្លះម៉ោង គឺ 5 ថ្ងៃក្នុងមួយសប្តាហ៍អាចជួយបំបាត់ជំងឺធ្លាក់ទឹកចិត្តនិងជួយលោកអ្នកឱ្យមានសុខភាពល្អ ជីវិតដ៏សប្បាយរីករាយ។

    • ស្វែងរក និងផ្សារភ្ជាប់ទំនាក់ទំនងជាថ្មី – នៅក្នុងវ័យដែលមានកាលវិភាគដ៏រវល់នេះវាពិបាកក្នុងការស្វែងរកពេលវេលាសម្រាប់ប្តីប្រពន្ធ ឬដៃគូរបស់លោកអ្នក។សូមដើរជាមួយគ្នាជារៀងរាល់ថ្ងៃ លោកអ្នកនឹងឃើញថាអារម្មណ៍ជាមិត្តភាព/ភាពជាដៃគូពីមុននឹងត្រឡប់មកវិញ។ រក្សាលំហូរកិច្ចសន្ទនានិងបង្កើតសេចក្តីស្រលាញ់ដែលលោកអ្នកធ្លាប់មានចំពោះគ្នាទៅវិញទៅមក។ ដូច្នេះហើយទំនាក់ទំនងដែលយល់ចិត្តគ្នាគឺជាគន្លឹះឆ្ពោះទៅរកជីវិតថ្កុំថ្កើង មានសុភមង្គលនិងអាយុវែង។
    • មិនចាំបាច់ចំណាយច្រើន – ការគិតថានឹងទៅក្លឹបហាត់ប្រាណជារៀងរាល់ថ្ងៃបន្ទាប់ពីចំណាយលុយច្រើនក្នុងការចូលជាសមាជិកប្រចាំថ្ងៃរបស់ក្លឹបហាត់ប្រាណប៉ុន្តែដល់ចុងខែទៅបានតែ 15 ថ្ងៃ ធ្វើឱ្យយើងភាគច្រើនមានការស្តាយប្រាក់។ការដើរមិនមានបញ្ហាដូចបែបនេះឡើយ។ លោកអ្នកអាចចាប់ផ្តើមការដើរថ្ងៃណាក៏បានដែលអ្នកចង់ហើយមិនមានការចំណាយច្រើននោះទេក្រៅពីស្បែកជើងពាក់សម្រាប់ដើរឱ្យបានស្រួលតែប៉ុណ្ណោះ។

    ឥឡូវនេះ លោកអ្នកមិនមានលេសដើម្បីឈប់ហាត់ប្រាណដោយការដើរនោះទេសូមចាប់ផ្តើមលំហាត់ប្រាណដោយការដើរនៅពេលនេះ!សូមចាំថាការចាប់ផ្តើមដើរអាចមើលទៅហាក់បីដូចជាលំបាកនៅពេលដំបូងប៉ុន្តែនៅពេលដែលលោកអ្នកដឹងថាអ្វីដែលលោកអ្នកទទួលបាននោះលោកអ្នកនឹងមិនបញ្ឈប់ការដើរនោះឡើយ!

Related Posts

0 Comments

Leave a Comment

Subscribe to Our Blog