ថ្ងៃ09ខែឧសភា ឆ្នាំ2016ការថប់អារម្មណ៍អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ។ សម្រាប់មនុស្សពេញវ័យ វាអាចបណ្តាលមកពីរការងារ។ សម្រាប់ក្មេងជំទង់ វាអាចបណ្តាលមកពីការបែកបាក់ស្នេហា។ សម្រាប់ក្មេង វាអាចបណ្តាលមកពីការប្រឡង។
សមាគមន៍ចិត្តសាស្រ្តអាមេរិចកំណត់និយមន័យការថប់អារម្មណ៍ថាជាអារម្មណ៍មួយដែលមានលក្ខណៈតានតឹង ការព្រួយបារម្ភ និងការផ្លាស់ប្តូរផ្នែករាងកាយ។ ការប្រែប្រួល និងរោគសញ្ញានៃការថប់អារម្មណ៍មានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មនុស្សដែលរងផលប៉ះពាល់ពីការថប់អារម្មណ៍ ជាធម្មតា រងផលប៉ះពាល់ពពីរោគសញ្ញា ដូចជាការភ័យស្លន់ស្លោ ញ័រខ្លួន វិលមុខ បែកញើស ឬដង្ហើមខ្លី។ ពួកគេក៏អាចគិតច្រើន ព្រួយបារម្ភថានឹងមានអ្វីខុស ឬព្រួយបារម្ភចំពោះអ្វីដែលកំពុងកើតឡើងនៅពេលនេះ ឬដែលអាចកើតឡើងក្នុងពេលអនាគត។
ការសិក្សាដែលស៊ីជម្រៅបំផុតមួយស្តីពីការថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្តដែលបានធ្វើឡើងរហូតដល់ពេលបច្ចុប្បន្នបានបង្ហាញថា នៅទូទាំងពិភពលោក មនុស្សម្នាក់ក្នុងចំណោម ១៣ នាក់មានជំងឺថប់អារម្មណ៍។ ដូច្នេះការថប់អារម្មណ៍មិនគួរជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរទេលុះត្រាតែវាចាប់ផ្តើមរំខានដល់ជីវិតផ្ទាល់ខ្លួន និងជីវិតការងាររបស់អ្នក។ ក្នុងករណីបញ្ហាថប់អារម្មណ៍ធ្ងន់ធ្ងរ គេអាចតម្រូវឱ្យមានការព្យាបាលផ្នែកវេជ្ជសាស្ត្ររយៈពេលយូរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន អ្នកអាចធូរស្រាលពីការថប់អារម្មណ៍ដោយធ្វើតាមគន្លឹះដូចខាងក្រោមនេះ។
១.ដកដង្ហើមវែងៗ
វិធីងាយស្រួលបំផុត លឿនបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយជាមួយនឹងការថប់អារម្មណ៍គឺការដកដង្ហើមវែងៗ ។ មានន័យថាអ្នកត្រូវតែដកដង្ហើមវែងជាងការដកដង្ហើមធម្មតារបស់អ្នកបន្តិច។ អ្នកអាចអនុវត្តបច្ចេកទេសដកដង្ហើមវែងៗដោយអនុវត្តតាមជំហានទាំងនេះ៖
- ដកដង្ហើមយឺតៗដោយរាប់ក្នុងចិត្តពី១ដល់៥ ក្នុងរបៀបមួយដែលអ្នកមានអារម្មណ៍ថាមានដង្ហើមនៅក្នុងពោះ និងទ្រូងរបស់អ្នក។
- បន្ទាប់មក ទុបដង្ហើមរបស់អ្នកដោយរាប់ក្នុងចិត្តពី១ដល់៥។
- ដកដង្ហើមចេញយឺត ៗ ដោយរាប់ក្នុងចិត្តពី១ដល់៥។
- អនុវត្តវិធីនេះម្តងហើយម្ដងទៀត រហូតទាល់តែអ្នកមានអារម្មណ៍ថាធូរក្នុងរាងកាយរបស់អ្នក។
អ្នកថែមទាំងអាចហិតក្លិនអ្វីដែលក្រអូបផងដែរ ដូចជាផ្កាស្រស់ ឬប្រេងក្រអូប ដើម្បីឱ្យខួក្បាលជ្រះថ្លា។
២.ធ្វើសមាធិ
ភ្លាមៗនៅពេលអ្នកចាប់ផ្តើមផប់អារម្មណ៍ ស្វែងរកកន្លែងស្ងាត់ ហើយចាប់ផ្តើមធ្វើសមាធិ។ បើសិនជាអ្នកមិនមានន្លែងស្ងាត់ណាមួយទេ សូមបិទភ្នែករបស់អ្នក ហើយព្យាយាមស្រមៃថាអ្នកស្ថិតនៅក្នុងបរិយាកាសស្ងប់ស្ងាត់ ដូចជានៅលើភ្នំ ក្នុងព្រៃ ឬនៅមាត់ទន្លេ។ ប្រសិនបើអ្នកមានការថប់អារម្មណ៍ញឹកញាប់ អ្នកគួរតែអនុវត្តការសមាធិប្រហែល ៣០ នាទីជារៀងរាល់ថ្ងៃ។ ការធ្វើបែបនេះនឹងជួយអ្នកឱ្យផ្តោតលើដំណើរការនៃការគិតរបស់អ្នក បន្ថយគំនិតដែលនាំមកនូវការថប់អារម្មណ៍ និងទទួលបទពិសោធន៍នៃអារម្មណ៍វិជ្ជមាន។ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រនានាបង្ហាញថា ការធ្វើសមាធិជួយបន្ថយកម្រិតនៃការថប់អារម្មរណ៏ និងការបាក់ទឹកចិត្តរបស់យើង ហើយបង្កើនស្មារតី ការយកចិត្តទុក និងសុខុមាលភាពផ្លូវចិត្តជារួម។
៣.បង្វែរអារម្មណ៍ខ្លួនឯង
អានសៀវភៅ ដើរកំសាន្ត ទស្សនាខ្សែភាពយន្ត ស្តាប់តន្រ្តី រាំ ដើរផ្សារ សម្អាតផ្ទះ លេងកីឡា និយាយជាមួយនរណាម្នាក់ ឬធ្វើអ្វីដែលមានអត្ថន័យដើម្បីបង្វែរខ្លួនអ្នកចេញពីការថប់អារម្មណ៍។ អ្នកអាចនិយាយលើកទឹកចិត្តខ្លួនឯងថា””វានឹងទៅបាត់នៅពេលដ៏ខ្លីខាងមុខ””ឬ””អ្វីៗទាំងអស់នឹងប្រសើរ””ឬ””គ្មានអ្វីដែលគួរព្រួយបារម្ភទេ””ឬ””ខ្ញុំអាចដោះស្រាយរឿងនេះបាន””ដើម្បីធ្វើឱ្យអារម្មណ៍ធុញថប់របស់អ្នកធូរស្រាល។ ការបង្វែរអារម្មណ៍ខ្លួនឯងបែបនេះនឹងផ្លាស់ប្តូរចំណាប់អារម្មណ៍របស់អ្នកទៅលើរឿងអ្វីមួយដែលប្រសើរជាងមុន និងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពល បន្តិចក្រោយមក។
៤.ផ្លាស់ប្តូររបៀបរស់នៅរបស់អ្នក
ការយកឈ្នះការថប់អារម្មណ៍ក៏ត្រូវការការផ្លាស់ប្តូររបៀបរស់នៅសាមញ្ញៗ ដូចជាការទទួលទានអ្វីដែលល្អដល់សុខភាព ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងការគេងបានល្អ។
- កាត់បន្ថយ ឬបើអាចធ្វើបាន បញ្ឈប់ការជក់បារី ឈប់ទទួលទានជាតិកាហ្វេអ៊ីន និងផ្តាច់គ្រឿងស្រវឹងចេញពីរបបអាហាររបស់អ្នក។
- នៅពេលមានអារម្មណ៍មិនល្អ ចៀសវាងបរិភោគម្ហូបមិនល្អ ដូចជាប៊ឺហ្គ័រ ឬដំឡូងបារាំងចៀន។ ផ្ទុយទៅវិញ សូមទទួលទានផ្លែឈើ បន្លែ សណ្ដែកបណ្ដុះ ឬអាហារសម្រន់ដែលល្អដល់សុខភាព។
រួមទាំងគ្រាប់ធញ្ញជាតិដែលមានសារធាតុកាបូអ៊ីដ្រាត(ស្រូវអង្ករ ស្រូវសាលី អង្ករសំរូប សណ្តែកQuinoa)និងអាហារសម្បូរទៅដោយអូមេហ្គា ៣(ត្រីសាម៉ុង គ្រាប់វ៉លណាត់ គ្រាប់ជី ត្រីធូណា គ្រាប់Flaxស៊ុតក្រហម)និងវីតាមីនB (បន្លែស្លឹកបៃតងចាស់ គ្រាប់ធញ្ញជាតិសុទ្ធ គ្រាប់អាល់ម៉ុន សាច់ជ្រូក ដំឡូង)ដែលត្រូវបានគេស្គាល់ថាជាអាហារបំប៉នប្រាជ្ញា។
ទទួលទានអាហារតាមម៉ោងពេលឱ្យបានទៀងទាត់។ ការទុកឱ្យខ្លួនឯងឃ្លានយូរពេកអាចប៉ះពាល់ដល់អារម្មណ៍ និងរាងកាយរបស់អ្នក។ - ហាត់ប្រាណឱ្យបានពី ៣០ ទៅ ៤០ នាទី យ៉ាងហោចណាស់ ៥ ដងក្នុងមួយសប្តាហ៍។ ភស្តុតាងវិទ្យាសាស្រ្ដបានបង្ហាញថាអ្នកដែលបញ្ចេញសកម្មភាពច្រើន មានអត្រានៃការថប់អារម្មណ៍ និងការធ្លាក់ទឹកចិត្តទាបជាងអ្នកដែលមិនសូវបញ្ចេញសកម្មភាព។ ការហាត់ប្រាណអាចជួយបង្កើនសុខភាពផ្លូវចិត្ត ដោយជួយខួរក្បាលដោះស្រាយភាពតានតឹងកាន់តែប្រសើរ។ នៅក្នុងការសិក្សារមួយ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលហាត់ប្រាណជាប្រចាំ និងដោយសកម្ម មានលទ្ធភាព២៥%តិចជាងអ្នកដទៃ ក្នុងការកើតជំងឺបាក់ទឹក ជំងឺថប់អារម្មណ៍ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
- លំនាំនៃទំនាក់ទំនងរវាងដំណេក និងការថប់អារម្មណ៍គឺជាវដ្តដ៏កាចសាហាវមួយ។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យមានការថប់អារម្មណ៍កាន់តែធ្ងន់ធ្ងរ ហើយបន្ទាប់មក ការថប់អារម្មណ៍អាចបណ្តាលឱ្យមានជំងឺគេងមិនលក់។ ដំណេកគឺយន្តការដោះស្រាយការថប់អារម្មណ៍បែបធម្មជាតិបំផុតនៃរាងកាយរបស់យើង។ ដូច្នេះ ត្រូវប្រាកដថា អ្នកសម្រាកឱ្យបានគ្រប់គ្រាន់ និងគេងដោយគ្មានការរំខាន់យ៉ាងហោចណាស់ពី ៦ ទៅ ៨ ម៉ោងជារៀងរាល់ថ្ងៃ។
៥.ព្រមទទួលយកស្ថានភាព និងរក្សាភាពវិជ្ជមាន
ក្នុងជីវិតរស់នៅ យើងតែងជួបស្ថានភាពល្អ និងស្ថានភាពមិនល្អ ហើយអ្នកមិនអាចផ្លាស់ប្តូរអ្វីច្រើនទេអំពីរឿងនេះ។ ប៉ុន្តែ អ្នកអាចផ្លាស់ប្តូររបៀបដែលអ្នករស់នៅ និងគិតបាន។ ប្រសិនបើអ្នកជួបប្រទះនឹងស្ថានភាពមិនល្អ ចូរព្រមទទួលយកស្ថានភាពនោះ ហើយព្យាយាមស្វែងរកដំណោះស្រាយ ជាជាងគិតថាហេតុអ្វីបានវាកើតឡើង ឬហេតុអ្វីវាមិនគួរកើតឡើង។ ចូររីករាយនឹងអ្វីដែលអ្នកមាន រក្សាភាពវិជ្ជមាន និងរៀនរស់ក្នុងបច្ចុប្បន្នកាល។
កាលណាអ្នករៀនទទួលយកការថប់អារម្មណ៍របស់អ្នកបានកាន់តែច្រើន និងរកវិធីគ្រប់គ្រង ឬព្យាបាលវាបានកាន់តែច្រើននោះ វានឹងកាន់តែងាយស្រួលសម្រាប់អ្នកក្នងការដោះស្រាយ។



0 Comments